សញ្ជាតិខ្មែរ

១.        ការទទួលបានសញ្ជាតិខ្មែរ

សញ្ជាតិខ្មែរ សំដៅដល់ចំណងគតិយុត្ត និងនយោបាយដែលភ្ជាប់រូបវន្តបុគ្គលទៅនឹងព្រះរាជាណាចក្រកម្ពុជា។ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ការទទួលបានសញ្ជាតិខ្មែរត្រូវស្ថិតនៅក្នុងសណ្ឋាន ០៤ (បួន) យ៉ាងគឺ៖ (១) ការទទួលបានសញ្ជាតិខ្មែរពីកំណើត (២) ការទទួលបានសញ្ជាតិខ្មែរដោយការស្មុំកូនពេញលេញ (៣) ការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ និង (៤) ការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម។ ចំពោះការទាមទារសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ និងការស្នើសុំសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មអាចធ្វើឡើងជាចង្កោមគ្រួសារបាន ដោយអនុវត្តទៅតាមលក្ខខណ្ឌ និងបែបបទនីតិវិធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំខែនេះ យើងមិនធ្វើការបកស្រាយស៊ីជម្រៅទៅលើបែបបទ និងនីតិវិធីនៃការទទួលបានសញ្ជាតិខ្មែរនោះទេ តែផ្ទុយទៅវិញយើងនឹងធ្វើការបកស្រាយលម្អិតទៅលើលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការបាត់សញ្ជាតិខ្មែរ។ តើការបាត់សញ្ជាតិខ្មែរមានប៉ុន្មានរបៀប និងមានបែបបទនីតិវិធី និងលក្ខខណ្ឌយ៉ាងណា?

នៅក្នុងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ការបាត់សញ្ជាតិខ្មែរមាន ២ (ពីរ) របៀបគឺ៖ (១) ការបាត់សញ្ជាតិខ្មែរដោយការសុំលះបង់សញ្ជាតិខ្មែរដោយស្ម័គ្រចិត្ត, និង (២) ការបាត់សញ្ជាតិខ្មែរដោយការដកសញ្ជាតិខ្មែរ។

២.        ការលះបង់សញ្ជាតិខ្មែរដោយស្ម័គ្រចិត្ត

ការបាត់សញ្ជាតិខ្មែរដោយការលះបង់សញ្ជាតិខ្មែរដោយស្ម័គ្រចិត្ត គឺជាសិទ្ធិរបស់ពលរដ្ឋខ្មែរក្នុងការបង្ហាញឆន្ទះនៃការលះបង់សញ្ជាតិខ្មែររបស់ខ្លួន។ ដើម្បីអាចសុំលះបង់សញ្ជាតិខ្មែរបាន ប្រជាពលរដ្ឋខ្មែរត្រូវមានអាយុ១៨(ដប់ប្រាំបី)ឆ្នាំយ៉ាងតិច មានសញ្ជាតិមួយផ្សេងទៀត ព្រមទាំងត្រូវដាក់ពាក្យសុំនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយត្រូវបំពេញបែបបទដូចជា៖ (១) ពាក្យសុំលះបង់សញ្ជាតិខ្មែរ ចំនួន ២ (ពីរ) ច្បាប់ (២) ជីវប្រវត្តិសង្ខេបរបស់សាមីខ្លួន ចំនួន ២ (ពីរ) ច្បាប់ ដោយមានបិទរូបថតទំហំ៤ស.ម.គុណ៦ស.ម.(៣) រូបថត ត្រូវថតថ្មី ចំពីមុខ គ្មានពាក់មួក និងគ្មានពាក់វ៉ែនតាទំហំ៤ស.ម.គុណ៦ស.ម. ចំនួន១០ (ដប់) សន្លឹក (៤) លិខិតបញ្ជាក់សញ្ជាតិមួយផ្សេងទៀត ឬលិខិតបញ្ជាក់របស់អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដែលសាមីខ្លួនបានដាក់ពាក្យសុំចូលសញ្ជាតិ ចំនួន១ (មួយ) ច្បាប់ (៥) ច្បាប់ចម្លងសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ ចំនួន២ (ពីរ) ច្បាប់ (៦) សេចក្តីចម្លងសំបុត្រកំណើត
ឬច្បាប់ចម្លងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬច្បាប់ចម្លងលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ចំនួន២ (ពីរ) ច្បាប់ និង (៧) ចំពោះពលរដ្ឋខ្មែររស់នៅបរទេសស្របច្បាប់ ត្រូវមានលិខិតបញ្ជាក់ទីលំនៅរបស់សាមីខ្លួននៃប្រទេសនោះ ចំនួន១ (មួយ) ច្បាប់។

ការលះបង់សញ្ជាតិខ្មែរក៏អាចធ្វើឡើងជាចង្កោមគ្រួសារផងដែរ ក្នុងករណីដែលអ្នកដាក់ពាក្យសុំមានកូនជាអនីតិជន ដោយត្រូវបំពេញបែបបទ និងនីតិវិធីជាធរមាន។

៣.        ការដកសញ្ជាតិខ្មែរ

ការដកសញ្ជាតិខ្មែរ គឺជាអំណាចតាមផ្លូវច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការដកសញ្ជាតិខ្មែរពីជនទាំងឡាយណាដែលបានប្រព្រឹត្តអំពើល្មើសធ្ងន់ធ្ងរប៉ះពាល់ផលប្រយោជន៍ជាតិ និងដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ ការដកសញ្ជាតិខ្មែរចែកចេញជា ២ (ពីរ) គឺ៖ (១) ការដកសញ្ជាតិខ្មែរពីកំណើត និង (២) ការដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរដែលទទួលបានសញ្ជាតិខ្មែរដោយការទាមទារសញ្ជាតិ និងដោយសញ្ជាតូបនីយកម្ម។

៣.១.   ការដកសញ្ជាតិខ្មែរពីកំណើត

សញ្ជាតិខ្មែរពីកំណើត អាចត្រូវបានដកបានលុះត្រាប្រជាពលរដ្ឋខ្មែររូបនោះមានអាយុ ១៨ (ដប់ប្រាំបី) ឆ្នាំយ៉ាងតិច និងមានសញ្ជាតិមួយផ្សេងទៀត ឬមានមូលដ្ឋានដែលអាចជឿជាក់ថា ប្រជាពលរដ្ឋខ្មែររូបនោះអាចទទួលបានសញ្ជាតិផ្សេងទៀត ឬទទួលបានការគាំពារពីរដ្ឋបរទេស។ អនុលោមតាមបញ្ញត្តិនៃមាត្រា២៩ថ្មីនៃច្បាប់ស្តីពីសញ្ជាតិ ការដកសញ្ជាតិខ្មែរពីកំណើតពីប្រជាពលរដ្ឋខ្មែរ អាចធ្វើទៅបានក្នុងករណីណាមួយ ដូចជា៖ (ក) ប្រព្រឹត្តអំពើក្បត់ជាតិឬធ្វើសកម្មភាពឃុបឃិតគ្នាជាមួយបរទេស ដែលនាំឱ្យអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា (ខ) ធ្វើសកម្មភាពដែលនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ (គ) ចូលបម្រើកងទ័ពនៃរដ្ឋបរទេសដោយស្ម័គ្រចិត្តឬបំពេញតួនាទីជាមន្ត្រីសាធារណៈនៃរដ្ឋបរទេស និងមិនព្រមលាឈប់ ទោះបីមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជា និង (ឃ) ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិម ដែលពាក់ព័ន្ធនឹងការរំលោភបំពានដល់អង្គព្រះមហាក្សត្រ ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋនិងអំពើភេរវកម្ម។

ការដកសញ្ជាតិខ្មែរពីកំណើត ត្រូវធ្វើឡើងបន្ទាប់ពីទទួលបានយោបល់ពីគណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ជាលេខាធិការដ្ឋាន។ ការដកសញ្ជាតិខ្មែរពីកំណើតត្រូវសម្រេចដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី បន្ទាប់ពីទទួលបានយោបល់ពីគណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត។

៣.២.   ការដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរដែលទទួលបានសញ្ជាតិខ្មែរដោយការទាមទារសញ្ជាតិនិងដោយសញ្ជាតូបនីយកម្ម

អនុលោមតាមបញ្ញត្តិនៃមាត្រា២៩ថ្មីនៃច្បាប់ស្តីពីសញ្ជាតិ ការដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរដែលទទួលបានសញ្ជាតិខ្មែរដោយការទាមទារសញ្ជាតិនិងដោយសញ្ជាតូបនីយកម្ម អាចធ្វើទៅបានក្នុងករណីណាមួយដូចជា៖ (ក) ប្រព្រឹត្តអំពើក្បត់ជាតិឬធ្វើសកម្មភាពឃុបឃិតគ្នាជាមួយបរទេស ដែលនាំឱ្យអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា (ខ) ធ្វើសកម្មភាពដែលនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ (គ) ចូលបម្រើកងទ័ពនៃរដ្ឋបរទេសដោយស្ម័គ្រចិត្ត ឬបំពេញតួនាទីជាមន្ត្រីសាធារណៈនៃរដ្ឋបរទេស និងមិនព្រមលាឈប់ទោះបីមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជា (ឃ) បានទទួលសញ្ជាតិខ្មែរដោយការក្លែងបន្លំឬការផ្តល់ព័ត៌មានមិនពិត និង (ង) ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិម ដែលពាក់ព័ន្ធនឹងការរំលោភបំពានដល់អង្គព្រះមហាក្សត្រ ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ និងអំពើភេរវកម្ម។

ការដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរដែលទទួលបានសញ្ជាតិដោយការទាមទារសញ្ជាតិនិងដោយសញ្ជាតូបនីយកម្ម ត្រូវសម្រេចដោយព្រះរាជក្រឹត្យ តាមសំណើររបស់នាយករដ្ឋមន្ត្រី បន្ទាប់ពីទទួលយោបល់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ទាញយកឯកសារជា PDF