ព័ត៌មានថ្មីៗ – ការទទួលផលចោរកម្ម និង ការប្រឆាំងនឹងអ្នករាជការសាធារណៈ

ការបកស្រាយអំពី សកម្មភាពនៃការទទួលផលចោរកម្ម និងការប្រឆាំងជាមួយនឹងអ្នករាជការសាធារណៈ

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ករណីដែលមានបុគ្គល «ក» បានទិញរថយន្តពីបុគ្គល «ខ» ដែលរថយន្តនោះត្រូវបានលួចពីអ្នកដទៃ ហើយ បុគ្គល «ក» ក៏បានដឹងថារថយន្តនោះបានមកពីការលួច តែនៅតែទទួលទិញរថយន្តនោះ។ មិនតែប៉ុណ្ណោះ បុគ្គល «ក» បានធ្វើសកម្មភាពទិញរថយន្តដែលបានមកពីការលួចនេះជាទម្លាប់ ព្រោះមានតម្លៃថោកជាងទីផ្សារ។

នៅថ្ងៃមួយ ប៉ូលីសបានធ្វើចុះចាប់បុគ្គល «ខ» ដោយសារបុគ្គលនោះហេតុបានប្រព្រឹត្តបទល្មើស (អំពើលួច)
ក៏ប៉ុន្តែបុគ្គល «គ» បានទៅតទល់ជាមួយប៉ូលីស ដោយយករនាំងដែកមកឡោមព័ទ្ធឡាន ចាក់បំបែកកង់ឡាន និងវាយបំផ្លាញឡានរបស់ប៉ូលីស ដើម្បីរារាំងការបំពេញការងាររបស់ពួកគាត់(ចាប់ជនល្មើស)។

(១) តើអំពើរបស់បុគ្គល «ក» ដែលបានទទួលទិញរថយន្តទាំងដែលខ្លួនបានដឹងថារថយន្តនោះបានមកពី
ការលួចហើយបានធ្វើអំពើនោះជាទម្លាប់ និង (២) អំពើរបស់បុគ្គល «គ» ដែលបានទៅតតាំងដោយហិង្សាជាមួយប៉ូលីស គឺជាបទល្មើសព្រហ្មទណ្ឌដែរឬទេ?

សូមរំលឹកផងដែរថា ដើម្បីអាចចោទប្រកាន់ថាបុគ្គលណាមួយប្រព្រឹត្តបទល្មើសបាន លុះត្រាតែបុគ្គលនោះបានបំពេញធាតុផ្សំនៃបទល្មើសទាំង ៣(បី) ជាមុនសិនគឺ ធាតុនីត្យានុកូល(ច្បាប់មានចែងថាអំពើមួយជាបទល្មើស) ធាតុសត្យានុម័ត (សកម្មភាពដែលបង្កជាបទល្មើស) និងធាតុអត្តនោម័ត (ចេតនា ឬឆន្ទៈក្នុងការប្រព្រឹត្តបទល្មើស)។ ដូចនេះ នៅក្នុងអត្ថបទនេះយើងនឹងធ្វើការបកស្រាយទៅលើ ១. សកម្មភាពទទួលទិញវត្ថុដែលបាន
លួចពីអ្នកដទៃ
និង ២. ការប្រឆាំងដោយហិង្សាជាមួយប៉ូលីស ដូចខាងក្រោម។

១. សកម្មភាពទទួលទិញវត្ថុដែលបានលួចពីអ្នកដទៃ

អំពើដែលបុគ្គល «ក» បានទទួលទិញរថយន្តដែលខ្លួនបាន «ដឹង» ថារថយន្តនោះគឺបានមកពីការលួចអ្នកដទៃ
អំពើ ឬសកម្មភាពនេះ គឺជាបទល្មើសទទួលផលចោរកម្មដែលបានចែងក្នុងក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រម្ពុជា
ឆ្នាំ២០០៩ (“ក្រមព្រហ្មទណ្ឌ”)។

យោងតាម មាត្រា ៣៩៩ និង មាត្រា ៤០០ នៃក្រមព្រហ្មទណ្ឌ បានចែងថា៖

«អំពើទទួលផលចោរកម្ម គឺជាអំពើទទួល លាក់បំបាំង រក្សាទុក ឬបញ្ជូនវត្ថុអ្វីមួយ ដោយដឹងថាវត្ថុនេះបានមកពីបទឧក្រិដ្ឋ ឬបទមជ្ឈិម។»

«ត្រូវចាត់ទុកជាអំពើទទួលផលចោរកម្មផងដែរ៖

-អំពើធ្វើជាអន្តរការីដើម្បីបញ្ជូនវត្ថុអ្វីមួយ ដោយដឹងថារបស់នោះបានមកពីបទឧក្រិដ្ឋ ឬបទមជ្ឈិម។

-អំពើដែលបានទទួលផលពីផលនៃ បទឧក្រិដ្ឋ ឬបទមជ្ឈិមដោយបានដឹងហេតុការណ៍ច្បាស់។

អំពើទទួលផលចោរកម្មត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពីចន្លោះ ២ (ពីរ) ឆ្នាំ ដល់ ១០ (ដប់) ឆ្នាំ និង ពិន័យប្រាក់ពី ៤,០០០,០០០ រៀល ដល់ ១០,០០០,០០០ រៀល។ »

មានន័យថា ការទទួលផលចោរកម្ម សំដៅទៅលើសកម្មភាពដែលយកវត្ថុនោះមកកាន់កាប់ (ទិញ ជួល ឬឱ្យគេ) ឬការយកទៅទុកនៅកន្លែងដែលគេរកមិនឃើញដើម្បីជួយបិទបាំងជនល្មើស ឬការទុកវត្ថុនោះនៅផ្ទះ នៅឃ្លាំង ឬក៏នៅក្នុងដៃរបស់ខ្លួន ឬជួយដឹកជញ្ជូនវត្ថុនោះពីកន្លែងមួយទៅកន្លែងមួយទៀត ដោយបាន «ដឹង» ថាវត្ថុនោះបានមកការប្រព្រឹត្តបទឧក្រិដ្ឋ និងបទមជ្ឈិមដូចជា ការលួច ការរំលោភទំនុកចិត្ត ការឆបោកអ្នកដទៃជាដើម។ ចំពោះពាក្យថា «វត្ថុនេះបានមកពីបទឧក្រិដ្ឋ ឬបទមជ្ឈិម» មានន័យថា ទាល់តែវត្ថុនោះបានមកពីអំពើ ឬសកម្មភាព ដែលជាបទល្មើសច្បាប់ផ្តន្ទាទោសស្ថិតក្នុងចំណាត់ថ្នាក់ឧក្រិដ្ឋ ឬថ្នាក់មជ្ឈិម។ ករណីនៃការទទួលផលដែលកើតចេញពីបទលហុវិញ មិនត្រូវចូលទៅក្នុងបទល្មើសទទួលផលចោរកម្មនោះទេ។ ដើម្បីយើងអាចដឹងថា បទល្មើសណាមួយគឺជាបទលហុ បទមជ្ឈិម ឬបទឧក្រិដ្ឋ គេត្រូវមើលទៅលើការផ្តន្ទាទោសរបស់ច្បាប់ចំពោះ បទល្មើសនីមួយៗនោះ។ យើងអាចសម្គាល់ខ្លីៗដូចតទៅ បទលហុ គឺជាបទល្មើសទាំងឡាយណា ដែលច្បាប់មានការផ្តន្ទាទោសដាក់ពន្ធនាគារជាអតិបរមា ក្នុងរយៈពេលក្រោម ឬស្មើនឹង ៦(ប្រាំមួយ) ថ្ងៃ។ ចំពោះបទមជ្ឈិម គឺជាបទល្មើសដែលច្បាប់មានការផ្តន្ទាទោសដាក់ពន្ធនាគារជាអតិបរមា លើសពី ៦ (ប្រាំមួយ) ថ្ងៃ និងក្រោម ឬស្មើនឹង ៥(ប្រាំ) ឆ្នាំ។ ចំណែកឯ បទឧក្រិដ្ឋ វិញ គឺជាបទល្មើសដែលច្បាប់មានការផ្តន្ទាទោសដាក់ពន្ធនាគារ
ជាអតិបរមាលើសពី ៥(ប្រាំ) ឆ្នាំ និងក្រោម ឬស្មើនឹង៣០ (សាមសិប) ឆ្នាំ ឬអស់មួយជីវិត។

ឧទាហរណ៍៖ ករណីមានច្បាប់បានចែងថាការលួចនូវទ្រព្យសម្បត្តិដែលមានតម្លៃតិចតួច (ចំណីអាហារ ឬរបស់ប្រើប្រាស់ប្រចាំថ្ងៃ) គឺត្រូវទទួលទោសត្រឹមពិន័យជាប្រាក់ និងដាក់ពន្ធនាគារពី ១ថ្ងៃ ទៅ ៣ថ្ងៃ (បទលហុ)។ នៅក្នុងករណីនេះ បុគ្គលដែលបានទទួលយកវត្ថុដែលលួចនោះ មិនអាចត្រូវបានចោទប្រកាន់ថាជាអំពើទទួលផលចោរកម្មនោះទេ ទោះបីជាបានដឹង ឬមិនបានដឹងថាវត្ថុនោះបានមកដោយសារលួចគេក៏ដោយ ព្រោះច្បាប់មិនបានចែង។ ក៏ប៉ុន្តែ តាមក្រមព្រហ្មទណ្ឌបច្ចុប្បន្ន អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ខែ (បទមជ្ឈិម) និងមានការពិន័យជាប្រាក់ពី ១(ប្រាំមួយ) លាន ទៅ ៦ (ប្រាំមួយ) លាន ដូចនេះ វត្ថុដែលបានមកពីការលួច ហើយមានបុគ្គលផ្សេងទទួលបន្តនោះដោយដឹងថាវត្ថុនោះមកពីការលួចនោះ ទើបអាចធ្វើការចោទប្រកាន់ថាជាអំពើទទួលផលចោរកម្ម។

បន្ថែមពីនេះ ចំពោះ មាត្រា ៤០១ នៃក្រមព្រហ្មទណ្ឌ ក៏បានចែងពីអំពើទទួលផលចោរកម្មនេះ ដែលត្រូវបាន
ផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ កាលបើអំពើនេះត្រូវបានប្រព្រឹត្តឡើងនៅក្នុងលក្ខខណ្ឌណាមួយដូចខាងក្រោម៖

            ១. ជាទម្លាប់។

២. ដោយប្រើប្រាស់ភាពងាយស្រួលដែលផ្ដល់ឱ្យដោយសកម្មភាពវិជ្ជាជីវៈរបស់ខ្លួន។

៣. ដោយមានការចាត់តាំងជាក្រុម។

យោងតាមអង្គហេតុខាងលើវិញ បុគ្គល «ក» ដែលបានទទួលទិញរថយន្តដោយដឹងថាវត្ថុនោះបានកើតចេញពី អំពើលួច គឺជាអំពើទទួលផលចោរកម្ម ព្រោះថាបុគ្គលនេះបានបំពេញនូវធាតុផ្សំនៃបទល្មើសដែលច្បាប់ បានចែងថាអំពើទទួលនូវវត្ថុដែលកើតចេញពីការលួចនេះគឺជាបទល្មើស (ធាតុនីត្យានុកូល) សកម្មភាពទិញវត្ថុដែលបានពីការលួច (ធាតុនីត្យាកូល) និងការដឹងថាវត្ថុនោះបានមកពីការលួច ហើយនៅតែទទួលទិញវត្ថុនោះ (ធាតុអត្តនោម័ត)។ តាមអង្គហេតុខាងលើដោយសារបុគ្គល «ក» បានទិញជា «ទម្លាប់» នូវវត្ថុដែលបានមកពីការប្រព្រឹត្តបទល្មើស គឺជាស្ថានទម្ងន់ទោស។

ដូចនេះ អំពើ ឬសកម្មភាពបុគ្គល «ក» គឺជាបទល្មើសព្រហ្មទណ្ឌដែលអាចទទួលរងនូវការចោទប្រកាន់ និងផ្តន្ទាទោសក្រោមបទល្មើសទទួលផលចោរកម្ម ដែលមានស្ថានទម្ងន់ទោសចែងក្នុងមាត្រា ៤០១ នៃក្រមព្រហ្មទណ្ឌ។

២. ការប្រឆាំងដោយហិង្សាជាមួយប៉ូលីស

ចំពោះអំពើរបស់បុគ្គល «គ» ដែលបានតទល់ដោយហិង្សាជាមួយប៉ូលីស យករនាំងដែកមកឡោមព័ទ្ធឡាន
ចាក់បំបែកកង់ឡាន និងវាយបំផ្លាញឡានរបស់ប៉ូលីសដើម្បីរារាំងការបំពេញការងាររបស់ពួកគាត់ អំពើ ឬសកម្មភាពនេះគឺជាបទល្មើសប្រឆាំងនឹងអ្នករាជការសាធារណៈ ដែលជាបទល្មើសព្រហ្មទណ្ឌដូចគ្នា។

យោងតាម មាត្រា ៥០៣ នៃក្រមព្រហ្មទណ្ឌ បានចែងថា៖

«ការប្រឆាំងនឹងអ្នករាជការសាធារណៈ គឺជាអំពើប្រឆាំងដោយប្រើការតទល់ដោយហិង្សានឹងអ្នករាជការសាធារណៈដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់ បញ្ជារបស់អាជ្ញាធរសាធារណៈ ឬសេចក្តីសម្រេចរបស់តុលាការ។

បទប្រឆាំងនឹងអ្នករាជការសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៣ (បី) ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ៥០០.០០០ (ប្រាំសែន) រៀល»។

អ្នករាជការសាធារណៈ សំដៅលើបុគ្គលទាំងឡាយណា ដែលធ្វើការឱ្យស្ថាប័នរដ្ឋទាំងអស់មិនថាជាមន្រ្តីក្របខណ្ឌ មន្រ្តីកិច្ចសន្យា ឬអ្នកតំណាងរាស្រ្ត (សមាជិករដ្ឋសភា/ព្រឹទ្ធសភា មន្រ្តីតាមខេត្ត ស្រុក និងមេឃុំ/ចៅសង្កាត់ជាដើម។ ពាក្យថា «ការតទល់ដោយហិង្សា» អាចជា សកម្មភាពរុញច្រាន វាយតប់ ប្រើអាវុធ ឬការប្រឆាំងដោយសកម្ម ដើម្បីរារាំងមន្ត្រី មិនឱ្យបំពេញការងារតាមច្បាប់បញ្ជា ឬកំណត់បាន។ សរុបជារួមមក មានន័យថា ការប្រឆាំងនឹងអ្នករាជការសាធារណៈ គឺជាសកម្មភាពដែលទៅធ្វើការតទល់ដោយអំពើ ឬសកម្មភាពហិង្សាដូចជាការវាយតប់ រុញច្រាន ឬ
ការប្រឆាំងដោយសកម្ម ដើម្បីរារាំងមន្ត្រីដែលកំពុងអនុវត្តការងារស្របតាមច្បាប់។ បើយោងតាមមាត្រាខាងលើនេះ ការស្រែក ឬការតទល់ដោយមិនបានប្រើសកម្មភាពហិង្សាទៅលើអ្នករាជការសាធារណៈ ពុំត្រូវបានចោទប្រកាន់ពី បទប្រឆាំងនឹងអ្នករាជការសាធារណៈទេ។

ចំពោះអង្គហេតុខាងលើវិញ អំពើរបស់បុគ្គល «គ» បានបំពេញនូវធាតុផ្សំនៃបទល្មើសប្រឆាំងនឹងអ្នករាជការ
 សាធារណៈ ព្រោះច្បាប់បានចែងថាអំពើតទល់ដោយហិង្សាជាមួយប៉ូលីសជាបទល្មើស (ធាតុនីត្យានុកូល)
ហើយសកម្មភាពដែលយករនាំងដែកមកឡោមព័ទ្ធឡាន ចាក់បំបែកកង់ឡាន និងវាយបំផ្លាញឡានរបស់ប៉ូលីស (ធាតុសត្យានុម័ត) ដោយមានចេតនារារាំងមិនឱ្យប៉ូលីសធ្វើការចាប់ខ្លួនជនល្មើស (ធាតុអន្តោម័ត)។

ដូចនេះ អំពើ ឬសកម្មភាពរបស់បុគ្គល «គ» គឺជាបទល្មើសព្រហ្មទណ្ឌដែលអាចទទួលរងការចោទប្រកាន់
និងផ្តន្ទាទោសក្រោមបទល្មើសការប្រឆាំងនឹងរាជការសាធារណៈចែងក្នុងមាត្រា ៥០៣ នៃក្រមព្រហ្មទណ្ឌ។

សេចក្តីសន្និដ្ឋាន                                                                                        

សរុបជារួមតាមការបកស្រាយខាងលើនេះ យើងអាចសន្មតបានថាបុគ្គល «ក» ដែលជាអ្នកទទួលទិញឡានដោយដឹងថាឡាននោះត្រូវបានលួចពីអ្នកដទៃ ហើយធ្វើវាជាទម្លាប់ អាចនឹងទទួលរងការចោទប្រកាន់ និង
ការផ្តន្ទាទោសចំពោះ បទល្មើសទទួលផលចោរកម្ម ដែលមានស្ថានទម្ងន់ទោសយោងក្នុង មាត្រា ៤០១
នៃក្រមព្រហ្មទណ្ឌ។ ចំណែកឯបុគ្គល «គ» វិញដែលបានចូលទៅប្រឆាំងតទល់ជាមួយប៉ូលីសដោយហិង្សា
មានចេតនា និងឆន្ទៈក្នុងការរារាំងការងាររបស់ពួកគាត់ គឺអាចនឹងទទួលរងការចោទប្រកាន់ និងការផ្តន្ទាទោសចំពោះបទល្មើសប្រឆាំងនឹងអ្នករាជការសាធារណៈ តាម មាត្រា ៥០៣ នៃក្រមព្រហ្មទណ្ឌ។

Click to download PDF